ភ្នំពេញ៖ ស្ងាត់បាត់មុខមួយរយៈ ស្រាប់តែគេទទួលបានដំណឹងថ្មីមួយពីអតីតបេក្ខភាពកញ្ញាឯកភេទទី៣ កញ្ញា លឿម មានជ័យ ហៅមុនី ថាត្រៀមខ្លួនបើកមុខជំនួញផ្ទាល់ខ្លួនទ្រង់ទ្រាយធំមួយ ពិសេសគឺដំណឹងល្អក្នុងការត្រៀមរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺកូនកម្លោះជាកូនមន្ត្រីធំក្នុងជួររដ្ឋាភិបាលមានមុខមាត់កិត្តិយសខ្លាំងផងដែរ ។
ដំណឹងនេះត្រូវបានទម្លាយក្រោយពីអ្នកជំនាញផាត់មុខធ្វើសក់ដែលស្និទ្ធិស្នាលនឹងនាងបានទម្លាយអំពីរឿងនេះថាជារឿងពិត និងជាដំណឹងត្រេកអរជំនួសនាងផងដែរព្រោះតែក្រៅពីទទួលបានការក្តីស្រលាញស្មោះពីគូស្នេហ៍ សូម្បីតែឪពុកម្តាយទាំងសងខាងក៏ពេញចិត្ត និងស្នេហារបស់នាងដោយមិនប្រកាន់ថែមទៀតផង ។ អ្វីដែលពិសេសពិធីភ្ជាប់ពាក្យ និងធ្វើឡើងដោយពេញមុខពេញមាត់ធំដុំមិនធម្មតា ដែលគេដឹងដែរថានឹងមានភ្ញៀវកិត្តិយសជាមន្ត្រី និងអ្នកជំនួញមានមុខមាត់នៅកម្ពុជាចូលរួមផងដែរ ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីសាម៉ីខ្លួនបាននៅឡើយ ទេហើយគេនៅមិនទាន់បានដឹងអំពីពេលវេលាច្បាស់លាស់នៃដំណឹងចូលរោងការនោះដែរ ។ ទោះជាយ៉ាងណាតាមរយៈការបង្ហាញនៅលើStory នៃបណ្តាញសង្គមហ្វេសប៊ុករបស់មុនី ក៏ធ្លាប់បានបង្ហាញអំពីភាពផ្អែមល្ហែមរវាងគូស្នេហ៍នាងដែលបានភ្ជាបចំណងស្នេហ៍ជាច្រើនឆ្នាំកន្លងមកហើយដែរ ខណៈដែលអ្នកជិតដិតលើកឡើងថា កូនកម្លោះក៏មានមុខមាត់ស្រស់សង្ហា មានមុខតំណែងតួនាទីធំដុំមិនធម្មតានោះដែរ ដែលគេដឹងថា ក្រោយភ្ជាប់ចំណងស្នេហ៍ និងប្រកាសដោយបើកចំហរនៅពេលឆាប់ៗខាងមុខនេះ ហើយនាងក៏អាចនឹងក្លាយជាសិល្បករភេទទី៣ដំបូងដែលទទួលបានងារជាជំទាវពេញសិទ្ធិក្រោយភ្ជាប់ចំណងស្នេហ៍នេះផងដែរ ។
គួរបញ្ជាក់ផងដែរថាក្រៅពីស្រលាញ់វិស័យសិល្បៈពិសេសការដើរបង្ហាញម៉ូដ និងវិស័យបវរកញ្ញា កញ្ញា មុនី ដែលមានទឹកដីកំណើតមកពីខេត្តបន្ទាយមានជ័យធ្លាប់បានបង្ហាញមុខក្នុងកម្មិធីប្រគួតកញ្ញាឯក ហើយនាងគឺជាអ្នកជំនួញម្នាក់ផងដែរ ។ គេនៅរងចាំតាមដានបន្តទៀតថាតើថ្ងៃភ្ជាប់ពាក្យរបស់នាងនឹងត្រូវធ្វើឡើងក្នុងរូបភាពបែបណា៕