ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា ស្រាប់តែមុននេះបានបញ្ចេញសារយ៉ាងវែងហាក់មិនអស់ចិត្តទៅនឹងសកម្មភាពនៃការផលិតស្នាដៃបទចម្រៀងមួយដែលមិនបានគោរព និងឲ្យតម្លៃអ្នកនាង ជាអ្នកច្រៀងមុនគេ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើការលើកឡើងនេះអ្នកនាងសំដៅទៅលើផលិតកររូបណា ហើយស្នាដៃនៃបទចម្រៀងនេះមានចំណងជើងយ៉ាងដូចម្តេចឡើយ ប៉ុន្តែសារនេះត្រូវបានបញ្ចេញបន្ទាប់ពីមុននេះសមាគមសិល្បករខ្មែររបស់លោកស្រី ចន ច័ន្ទលក្ខិណា បានរៀបចំពិធីសម្ពោធស្នាដៃសិល្បៈភាពយន្តបទចម្រៀង “ទុក្ខស្រីប្តីព្រាត់”ដែលជាស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបង្ហាញប្រវត្តិជីវិតពិត ដ៏សោកសៅ និងខ្លោចផ្សាររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ បទចម្រៀងក្នុងស្នាដៃភាពយន្តបទចម្រៀងនេះត្រូវបានច្រៀងឡើងវិញដោយតារាចម្រៀង មាស សុខសោភា ។
ទោះជាយ៉ាងណាមុននេះគេបានឃើញសារដ៏រសើបមួយដែលត្រូវបានតារាចម្រៀង ល្បីល្បាញអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅលើបណ្តាញសង្គមបង្កើតឲ្យមានការវែកញែកខ្លាំង បើទោះបីជាអ្នកនាងមិនបានបញ្ជាក់អំពីសារនោះចង់សំដៅទៅលើការផលិតស្នាដៃណាច្បាស់នៅក៏ដោយ ។ អ្នកនាងបានលើកឡើងយ៉ាងវែង ដែលសារនេះអ្នកបានបញ្ចេញក្រោយពីមានការសួរនាំច្រើនពីសំណាក់ទស្សនិកជន- ម៉េចបានមិនអោយម្ចាស់បទច្រៀងវិញ ? – យកអ្នកថ្មីក៏យកចុះ ប៉ុន្តែម៉េចមិនដាក់ឈ្មោះម្ចាស់សំនៀងដេីមអោយគ្នាផង ? ខណៈសំណួរដែលនាងធ្លាប់បានសួរលើបណ្តាញសង្គមពីបញ្ហានេះក៏ធ្លាប់បានគេលប់ចោល។ សកម្មភាពនេះត្រូវបានអ្នកនាងលើកឡើងថា ផឹកទឹកមិននឹកឃើញប្រភព។ ទោះជាយ៉ាងណាអ្នកនាង បាន ទុកអោយមហាជនជាអ្នកវិនិច្ឆ័យតាមការមើលឃើញដោយនាងបានលើកឡើងបែបបញ្ឆិតបញ្ឆៀងថា អ្នកមានជំនាញសិល្បៈខ្លះ ចំណេះ ដឹងនិងបុណ្យស័ក្ត និងអាយុក៏ច្រេីនគួរសមដែរតែខ្វះគុណធម៌ក្នុងចិត្ត មិនគោរពវិជ្ជាជីវៈ មិនគោរព រៀមច្បង មិនគោរពតម្លៃម្ចាស់ដេីម មិនធ្វេីទង្វេីរល្អជាគំរូ ដល់គេ អញ្ចឹងបេីត្រូវគេរិះគន់ ត្រូវគេលែងគោពនោះវាជារឿងសមមុខណាស់ ។ នាងចាត់ទុកដែរថា មានអ្នកបំពាននាងមុនទេហើយអ្នកនាងក៏ស្នើ កុំឆ្លៀតឱកាសយកទីនេះបង្កររឿងអោយអ្នកនាងឈ្លោះគ្នាជាមួយនរណា ។
សារនេះបានក្លាយជាវេទិកាជជែកគ្នាព្រោងព្រាតនៅលើបណ្តាញសង្គម ដែលសូម្បីតែអ្នកសិល្បៈខ្លះក៏បានបញ្ចេញយោបល់ និងចែករំលែកផងដែរ៕