Monday, November 4, 2024
Homeអន្តរជាតិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់គ្មានផ្ទះសម្បែងដោយសារភ្លើងឆេះជំរុំបង់ក្លាដែស

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់គ្មានផ្ទះសម្បែងដោយសារភ្លើងឆេះជំរុំបង់ក្លាដែស

- Advertisement -
toppostmedia

មន្ត្រីពន្លត់អគ្គីភ័យម្នាក់ និងអង្គការសហប្រជាជាតិបានថ្លែងប្រាប់ប្រភពព័ត៌មានថា ជនភៀសខ្លួនរាប់ពាន់នាក់ត្រូវបានគេទុកចោល គ្មានផ្ទះសម្បែងជ្រកកោននោះឡើយ បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានកើតឡើងនៅជំរុំដ៏ចង្អៀតមួយសម្រាប់ជនមូស្លីមរ៉ូហ៊ីងយ៉ា ភាគខាងត្បូងប្រទេសបង់ក្លាដែស​កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ។

Emdadul Haque មន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា គ្មានអ្នកស្លាប់ និងរបួស ត្រូវបានគេរាយការណ៍ ក្នុងហេតុការណ៍អគ្គិភ័យស្ថិតនៅឯជំរុំ Balukhali ស្រុក Cox’s Bazar ប្រទេសបង់ក្លាដែសនោះឡើយ ។

អង្គការ UNHCR ប្រចាំនៅប្រទេសបង់ក្លាដែសបានប្រកាសតាមប្រព័ន្ធ ធ្វីតធឺថា អ្នកស្ម័គ្រចិត្តជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាននាំគ្នាចូលរួមពន្លត់ភ្លើងឆេះនេះជាមួយទីភ្នាក់ងារ និងដៃគូដទៃទៀតដែលមានការគាំទ្រផងដែរ ។ ប្រភពនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។

តាមប្រភព ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមីយ៉ាន់ម៉ាជាង ១លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ហើយ ក្នុងនោះរួមទាំងជនភៀសខ្លួនប្រហែល 740,000 នាក់ផងដែរ ដែលបានឆ្លងកាត់ព្រំដែន ចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៧ គឺនៅពេលដែលយោធាមីយ៉ាន់ម៉ាបើកការបង្ក្រាបយ៉ាងព្រៃផ្សៃឃោរឃៅទៅលើពួកគេ ។

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗចាប់តាំងពីមានការគ្រប់គ្រងអំណាចដោយយោធានៅឆ្នាំ២០២១ ហើយការប៉ុនប៉ងបញ្ជូនជនភៀសខ្លួនត្រឡប់មកវិញពីបង់ក្លាដែស ត្រូវបានបរាជ័យបន្តបន្ទាប់ ។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានប្រកាសថា ការគៀបសង្កត់លើជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានរកឃើញថាមានអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលពីសំណាក់ពួកយោធា ក្នុងយុទ្ធនាការជាប្រព័ន្ធប្រឆាំងនឹងជនជាតិភាគតិច។

ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រឈមមុខនឹងការរើសអើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនជាពុទ្ធសាសនិកជននោះ ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាងទាំងនោះភាគច្រើនត្រូវបានគេបដិសេធផ្តល់សញ្ជាតិ និងសិទ្ធិជាច្រើនដទៃទៀត ៕ ថាច់យ៉ាត

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular