Sunday, November 3, 2024
Homeអន្តរជាតិជប៉ុនបរាជ័យបាញ់បង្ហោះរ៉ុក្កែត H3 ប្រធានទីភ្នាក់ងារអវកាសប្រកាសសុំទោស

ជប៉ុនបរាជ័យបាញ់បង្ហោះរ៉ុក្កែត H3 ប្រធានទីភ្នាក់ងារអវកាសប្រកាសសុំទោស

- Advertisement -
toppostmedia

កាំជ្រួចមីសរយៈចម្ងាយមធ្យមថ្មីរបស់ប្រទេសជប៉ុនបានបរាជ័យក្នុងការហោះហើរទៅកាន់អវកាសជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីម៉ាស៊ីនដំណាក់កាលទីពីររបស់វាមិនដំណើរការដូចការគ្រោងទុកនោះទេ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បរាជ័យនេះបានជះឥទ្ធិពលខ្លាំងដល់ការខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការកាត់បន្ថយចំណាយលើផែនការឡើងទៅកាន់អវកាស ក៏ដូចជាប្រកួតប្រជែងជាមួយសាជីវកម្មបច្ចេកវិទ្យារុករកអវកាស (SpaceX) របស់មហាសេដ្ឋីអាមេរិក Elon Muskនោះ ។

ផ្សាយបន្តផ្ទាល់វីដេអូពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)បានបង្ហាញថា គ្រាប់រ៉ុក្កែតឈ្មោះ H3 មានកម្ពស់ ៥៧ម៉ែត្រ ដែលជារ៉ុក្កែតគំរូថ្មីដំបូងបង្អស់របស់ជប៉ុនក្នុងរយៈពេលប្រហែល៣០ឆ្នាំនេះ ត្រូវបានបាញ់បង្ហោះដោយមិនមានសភាពរអាក់រអួលនោះទេ ចេញពីទីតាំងមជ្ឈមណ្ឌលអវកាស Tanegashima ខេត្ត កាកូស៊ីម៉ា (Kagoshima)។

ក៏ប៉ុន្តែ នៅពេលដែលវាបានហោះទៅដល់ទីអាកាស ស្រាប់តែម៉ាស៊ីនដំណាក់កាលទីពីររបស់វា គាំងដំណើរការមិនព្រមឆេះ។ JAXA បានបន្ថែមថា គេក៏បានបញ្ជាឱ្យបំផ្លាញវាដោយខ្លួនឯងនៅលើទីអាកាសនោះតែម្តង បន្ទាប់ពីការហោះហើរបានប្រហែល១៥នាទីប៉ុណ្ណោះ និងក្រោយពីក្រុមមន្ត្រីជំនាញបានវាយតម្លៃថា កាំជ្រួចមីស៊ីល H3នេះមិនអាចបំពេញបេសកកម្មរបស់ខ្លួននោះឡើយ ។

កម្ទេចកម្ទីរបស់មីស៊ីលនេះបានធ្លាក់ចូលទៅក្នុងឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសហ្វីលីពីន ហើយបច្ចុប្បន្ននេះ ​មិន​ទាន់​មាន​របាយការណ៍ស្តីពី​ការ​ស្លាប់ ឬ​របួស​ស្នាមដល់មនុស្សដោយ​ការ​ធ្លាក់​បំណែកបាក់បែកនេះ​នៅឡើយទេ ។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន Keiko Nagaoka បានថ្លែងថា រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតចំពោះបញ្ហាបរាជ័យការបាញ់បង្ហោះដ៏ “គួរឱ្យសោកស្តាយបំផុត”នេះ ។

លោក Hirotaka Watanabe សាស្ត្រាចារ្យជំនាញផ្នែកគោលនយោបាយអវកាសប្រចាំសាកលវិទ្យាល័យ Osaka បាននិយាយថា “ការបរាជ័យនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើគោលនយោបាយអវកាស និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានាពេលអនាគតរបស់ជប៉ុន” ។

សារព័ត៌មាន Kyodo News ផ្សាយថា ប្រធាន JAXA លោក Hiroshi Yamakawa បានថ្លែងសុំទោសនៅក្នុងសន្និសីទសារព័ត៌មានមួយ ចំពោះការ “មិនសមបំណងតាមការរំពឹងទុករបស់សាធារណជនជប៉ុន” ហើយសន្យាថា ទីភ្នាក់ងាររបស់ខ្លួន នឹង”ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមូលហេតុនៃបញ្ហា” និងស្ដារទំនុកចិត្តសាធារណៈឡើងវិញ។

បើតាមគម្រោងការមុនដំបូង បេសកកម្មនេះ ត្រូវគេឲ្យឈ្មោះថា Test Flight 1 ដែលនឹងដាក់ឲ្យចូលទៅក្នុងគន្លងផ្កាយរណបស៊ើបសង្កេតផែនដីកម្រិតខ្ពស់៣ ហើយក៏ត្រូវបានគេរំពឹងថា ក្លាយជាឧបករណ៍សំខាន់របស់រដ្ឋាភិបាលជប៉ុនផងដែរ ។

គួរដឹងផងដែរថា នេះមិនមែនជាការបាញ់បង្ហោះបរាជ័យដំបូងរបស់ទីភ្នាក់ងារ JAXA ទេ ។ គ្រាប់រ៉ុក្កែត Epsilon-6 មានទំហំតូចជាងនេះ, JAXA ក៏ទទួលបានការបញ្ជាឲ្យបំផ្លិចបំផ្លាញខ្លួនឯងផងដែរ ក្រោយមួយនាទីប៉ុណ្ណោះ បន្ទាប់ពីបាញ់បង្ហោះកាលពីខែតុលាឆ្នាំមុន ចេញពីគន្លងដែលបានគ្រោងទុកនោះ ៕ ថាច់យ៉ាត

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular