ខេត្តកំពង់ស្ពឺ៖ ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ នៅក្បែរភ្នំប្រាក់ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់ អាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់បីដូចជាមិនអើពើ និងចាត់វិធានការទាល់តែសោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៀតថានៅ
ក្នុងរឿងជនខិលខូចដាក់គ្រឿងចក្រ (អាអ៊ិច) នោះមន្រ្តីបរិស្ថាន ក៏ដូចជាមេឃុំតាសាល នឹងមេឃុំត្រពាំងជោ ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាលនឹងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ{នៅចំណុចជើងភ្នំប្រាក់នេះ} គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះថា{តាប៉ាង} អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ហើយអាជ្ញាធរឃុំ ស្រុក ខេត្តនិងជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។
ក្រុមជនខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់ កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬចាត់វិធានការតាមផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានលាភសក្ការហើយ ទើបគ្មានឆន្ទៈក្នុងការថែរក្សានិងអភិរក្សដីព្រៃការពារដោយព្រះរាជក្រឹត្យបែបនេះនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានដាក់ការសង្ស័យថា: បើគ្មានការបើកដៃពីមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណុះឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មេឃុំតាសាល មេឃុំត្រពាំងជោ ក៏ដូចជាអាជ្ញាធរស្រុកឱរ៉ាល់ ទេនោះ គឺសកម្មភាពដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនអាចកើតឡើងបានទេ។
ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានយើង តៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច} បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើរសុំយ៉ាងទទូចដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញចុះ ពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ឡើងវិញជាផង ពីព្រោះត្រឹមតែរយៈ ពេលខ្លីសោះ ដីព្រៃរបស់រដ្ឋក្បែរភ្នំប្រាក់ ជាច្រើនរយហិកតា បានក្លាយជាវាលរហោស្ថានអស់ទៅហើយ ។
ជុំវិញករណីក្រុមជនខិលខូចលួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ គ្មានច្បាប់អនុញ្ញាតិខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក {តាប៉ាង} បានទេដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
ដោយឡែកលោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីអ្នកសារព័ត៌មានយើងបានរាយការណ៍ទៅលោក។ លោកបានបញ្ជារឱ្យលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនដើម្បីឲ្យកូនចៅចុះទៅពិនិត្យមើល ប៉ុន្តែចំណែកឯលោក ថន ចាន់ នាយរងការិយាល័យដែនជម្រកស្រុកឱរ៉ាល់ បានរាយការណ៍ជូនលោក ហ៊ុល ម៉ារ៉ា នាយការិយាល័យដែនជម្រកស្រុកឱរ៉ាល់ថា លោកបានដឹកនាំកំលាំងមន្រី្តដែនចុះពិនិត្យជាក់ស្តែងនូវកន្លែងសាព័ត៌មានចុះផ្សាយកាលពីព្រឹកមុីញស្ថិតនៅភូមិដសំរោងនាថ្ងែទី០៦ ខែកុម្ភៈ ២០២៣ ឃើញថាពុំមានគ្រឿងចក្រនៅទីតាំងនោះទេ ឃើញតែស្នាមឈូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅជាំទៅវិញ។បើមើលតាមរូបភាពដី
ដែលក្រុមឈ្មួញជនខិលខូច
លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ នឹង
របាយការណ៍របស់លោក ថន ចាន់ ដែរថា ឃើញតែស្នាមឈូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅតំបន់ជាំ គឺជារបាយការណ៍កន្ទេលធំបន្លំដេក ចំណុចត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថាបានឃុបឃិតគ្នាជាប្រព័ន្ធនោះ។
លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ហើយបានធ្វើលិខិតដកហូតដីដែលក្រុមជនខិលខូច(តាប៉ាង) ដាក់គ្រឿងចក្រឈូសឆាយនោះ ដកហូតជាសម្បត្តិរដ្ឋវិញទាំងអស់៕