ក្រុមម្ចាស់ផ្ទះ Bayern Munich នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមខ្លាំងមកពីអង់គ្លេស Manchester City នៅរាត្រីនេះក្នុងការប្រកួតជើងទី២ ពានរង្វាន់ Champions League ខណៈដែលម្ចាស់ផ្ទះ Inter Milan ក៏ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica នៅរាត្រីនេះដូចគ្នា ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលនេះ។
ក្រុមមេឃខៀវ Man City បានយកឈ្នះ Bayern Munich ៣ទល់០រួចមកហើយកាលពីប្រកួតជើងទី១ ហើយនៅរាត្រីនេះ Man City មានភាគរយខ្ពស់ក្នុងការប្រជែងយកៅអីវគ្គ៤ក្រុម ដោយមានគ្រាប់បាល់ចំណេញ៣គ្រាប់នៅក្នុងដៃ ខណៈដែល Bayern Munich ត្រូវការឈ្នះយ៉ាងតិច៤គ្រាប់ទល់០ទើបអាចមានឱកាសឡើងទៅវគ្គបន្តបាន។
រីឯ Inter Milan បានយកឈ្នះ Benfica ២ទល់០រួចហើយកាលពីប្រកួតជើងទី១ ក្នុងទឹកដី Benfica ហើយនៅរាត្រីនេះ Inter Milan កាន់តែមានប្រៀបជាងគូប្រកួត ដោយសារជាការប្រកួតក្នុងទឹកដីរបស់ខ្លួនសម្រាប់ជើងទី២ ដែលមានគ្រាប់បាល់ចំណេញរហូតដល់២គ្រាប់។ Benfica បើចង់ឈ្នះត្រូវការគ្រាប់បាល់យ៉ាងតិច៣គ្រាប់ទល់០ ទើបអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។
ប្រវត្តិជួបគ្នារវាង Bayern Munich នឹង Man City ៧ប្រកួតចុងក្រោយនៅគ្រប់កម្មប្រកួតទាំងអស់គឺ Man City ឈ្នះ៥ដង (ក្នុងទឹកដី២ដង ក្រៅទឹកដី៣ដង) ខណៈ Bayern Munich ឈ្នះ២ដង (ក្នុងទឹកដីទាំង២ដង)។ ការប៉ះគ្នានៅ Champions League ៣ដងក្រុម Man City ឈ្នះ២ដង និង Bayern Munich ឈ្នះម្តងគត់។
ចំណែកប្រវត្តិជួបគ្នារវាងក្រុម Inter Milan នឹង Benfica ៣ប្រកួតចុងក្រោយគឺ Inter Milan ឈ្នះ២ដង និងស្មើគ្នាម្តង ដោយ Inter Milan ឈ្នះក្នុងការប្រកួត UEFA Europa League ម្តង និង Champions League កាលពីជើងទី១ម្តង ខណៈការប្រកួតស្មើគ្នា ០ទល់០ កាលពីឆ្នាំ២០០៤ ក្នុងពានរង្វាន់ Europa League។
សម្រាប់គូទាំង៤ នឹងត្រូវប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រ ម៉ោងនៅកម្ពុជា ខណៈដែលក្រុមដែលឈ្នះនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមាន Real Madrid និង AC Milan កំពុងរង់ចាំ។ កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុមចុងក្រោយ) នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា សម្រាប់ជើងទី១ និងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ជើងទី២ ៕