សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកសី្រ នាយកធនាគារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ច្រើនជាងគេក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសហគ្រាសចំនួន១០ ដែលបានប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ច្រើនជាងគេ។នៅក្នុងសារលិខិតថ្លែងអំណគុណជូនថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកការបំពេញកាតព្វកិច្ចបង់ពន្ធបានល្អ និងដោយស្ម័គ្រចិត្តរបស់សហគ្រាសលោក-លោកស្រី គឺជាគំរូដ៏ល្អសម្រាប់សហគ្រាសនានា ជាពិសេសការឆ្លុះបញ្ចាំងពីអនុលោមភាពសារពើពន្ធកម្រិតខ្ពស់ និងអភិបាលកិច្ច សាជីវកម្មដ៏ល្អប្រសើររបស់សហគ្រាស ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ជាមួយគ្នានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ជូនដល់សហគ្រាសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា» ។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក-លោកស្រីនាយក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកទាំងអស់របស់ធនាការអេស៊ីលីដាទទួលបានជោគជ័យរាល់កិច្ចអាជីវកម្ម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕