ភ្នំពេញ ៖ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលជាផលិតកម្មផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា មានកិត្តិយសបានចុះកិច្ចព្រមព្រៀងចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុន Tham Studio 19 ដែលជាក្រុមហ៊ុនផលិត និងចែកចាយភាពយន្តនៅឯប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
កិច្ចព្រមព្រៀងរវាង វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ជាមួយ Tham Studio 19 ត្រូវធ្វើឡើងដើម្បីបង្កើតទម្រង់នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងផ្លូវការ ជាកិច្ចព្រមព្រៀងរវាងភាគី ដើម្បីធ្វើការរួមគ្នាក្នុងលក្ខណៈដែលលើកកម្ពស់បរិយាកាសនៃកិច្ចសហប្រតិបត្តិការពិតប្រាកដសម្រាប់ប្រសិទ្ធភាព ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងអត្ថន័យនៃភាពជាអ្នកដឹកនាំ ដើម្បីការពារ និងនិរន្តរភាព និងកិច្ចសន្ទនាប្រកបដោយជំនាញក្នុងការផលិត និងចែកចាយភាពយន្ត។ ការផ្លាស់ប្តូរវប្បធម៌មិនរើសអើងលើគ្រប់បញ្ហាដែលទាក់ទងនឹងគម្រោងផ្សេងៗ ដើម្បីពង្រីកឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សាក្នុងស្រុក និងអន្តរជាតិ។
សម្រាប់ការចុះកិច្ចសហប្រតិបត្តិការនេះ ក៏បានសម្រេចនូវសមិទ្ធផលនាំយកខ្សែភាពយន្តខ្មែររបស់ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន គឺរឿង «កំណើតអរូប|The RITUAL:BLACK NUN» ជាប្រភេទភាពយន្តរន្ធត់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា ដែលភាពយន្តនេះគ្រោងនឹងបង្ហាញខ្លួននៅប្រទេសឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជានៅប្រទេសថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះផងដែរ វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង «កុំដេក / Don’t Sleep» ទៅនឹងចាក់បញ្ចាំងនៅដើមឆ្នាំ២០២៤។
តាមរយៈការចាប់ដៃគូរសហការគ្នានៅពេល យើងសង្ឃឹមថា យើងនឹងបន្តសហការគ្នាឱ្យកាន់តែខ្លាំងក្នុងការចែកចាយភាពយន្តខ្មែរទៅបានកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍គម្រោងផលិតភាពយន្តរួមគ្នានាងពេលអនាគតបន្តទៅមុខទៀត។
នេះចាត់ទុកជាជំហ៊ានថ្មីមួយទៀតរបស់ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ។ ហេតុដូច្នេះហើយ ទើបច្រើនឆ្នាំមកនេះ វ័នឌើរហ្វីម នៅក្រាញ់នរនាលក្នុងវិស័យភាពយន្តខ្មែរ ទោះអំឡុងពេលដ៏ពិបាកនៃការត្បាតជំងឺកូវីដ១៩នៅលើសកលលោក រួមទាំងកម្ពុជា ក៏ វ័នឌើរហ្វីម នៅតែរិះរកគ្រប់មធ្យោបាយដើម្បីផលិតភាពយន្តឱ្យមានគុណភាព ត្រៀមវាយលុកចូលទីផ្សារអន្តរជាតិ ដូចអ្វីដែលកំពុងធ្វើនៅពេលនេះ៕