បន្ទាប់ពីបានស្តាប់បទសម្ភាសប្រវត្តិដ៏កម្សត់របស់កុមារី ថា ស្រីណុច អាយុ១៣ឆ្នាំ ដែលបានចូលរួមប្រឡងក្នុងវិធី The Voice Kid Cambodia, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវពីប្រវត្តិ និងរកលំនៅដ្ឋានពិតប្រាកដ។
ជាក់ស្តែង នៅព្រឹកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត អមដំណើរដោយឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារកុមារី ថា ស្រីណុច ដល់គេហដ្ឋានស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រួសារកុមារី ស្រីណុច ដោយក្តីអាណិតអាសូរជាពន់ពេក។ ឯកឧត្តមបានឱ្យដឹងទៀតថា «អ្វីដែលពិសេសនោះគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមកោតសរសើរនូវភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្រ រហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia។ ទោះបីគ្រួសារមានភាពក្រលំបាក រកព្រឹកខ្វះល្ងាច ដើររកត្រី ស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទី លាងចានតាមភោជនីយដ្ឋាន និងបោកខោអាវឱ្យគេក្តី តែកុមារីរូបនេះនៅតែព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រម៉ៃរបស់ខ្លួនស្របពេល ដែលក្រុមគ្រួសារកំពុងជួបការលំបាក។»
បន្ទាប់ពីបានទទួលនូវអំណោយមនុស្សធម៌នេះ កុមារីស្រីណុច និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយមិនស្មានថាមាតាមនុស្សធម៌នៃកម្ពុជាគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយក៏កំពុងមានជំងឺប្រចាំកាយទៀត។សូមជម្រាបថាអំណោយដែលប្រគល់ជូនគ្រួសារកុមារី ថា ស្រីណុច នាពេលនេះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ឃីត ២កញ្ចប់(សារុង ក្រមា មុង ភួយ) ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន៕
ប្រភព៖ គេហទំព័រហ្វេសប៊ុក កាកបាទក្រហមកម្ពុជា