ក្លាយទៅជាករណីថ្មី និងគួរឲ្យ ចាប់អារម្មណ៍ លើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីតារាសម្តែងរូបសង្ហា លោក ប៊ុនម៉ា តូយ៉ា បានបង្ហោះសារខកចិត្តមួយជុំវិញសន្តិសុខហាងលក់សម្លៀកបំពាក់មួយកន្លែងឃាត់លោកមិនឲ្យចូល។ មិនឲ្យចូលព្រោះតែលោកមានកាតាបនៅជាប់ខ្លួន ប៉ុន្តែនៅពេលដែលលោកចូលទៅដល់ខាងក្នុងស្រាប់តែមានអតិថិជនជាច្រើនមានស្ពាយកាបូបចូលបាន ដែលធ្វើឲ្យលោកហួសចិត្ត។ ហួសចិត្តត្បិតអ្នកផ្សេងអាចស្ពាយកាបូបចូលបានហើយម្តេចក៏លោកមិនអាចស្ពាយចូលបាន ឬមួយខ្លាចលោកលួចឥវ៉ាន់ក្នុងហាងខាងលើ។
សារដែលត្រូវបានតារាសម្តែងមកពីខេត្តបន្ទាយមានជ័យរូបនេះបង្ហោះបានលើកឡើងដោយបានរៀបរាប់ដំណើររឿងខ្លះៗថា “ខ្ញុំទៅទិញខោអាវនៅហាងនឹងមួយមិត្តភក្ដិសន្ដិសុខអត់អោយញមចូលគាត់និយាយថាបងមានកាតាបមិនអោយយកចូលបានទេ( គាត់គួតែបង្ហាញពីកន្លែងផ្ងេីរកាបូបឫនែនាំកន្លែងដាក់កាបូបបាន)ខ្ញុំក៏និយាយថាមិនអីទេញមចាំនៅក្រៅក៏បាន(ខ្ចិលដើររកកន្លែងដាក់កាបូប) ដល់យូរពេកញមយកកាបូបដាក់លើមូតូមួយហើយដើរទៅមើលមិត្តភក្កិ( ខ្ចិលចាំយូរ )ពេលញមចូលទៅដល់ញមឃើញគេស្ពាយកាតាបចូលធម្មតាខ្ញុំហួសចិត្តខ្លាំងហើយឆ្ងល់ដល់អីលូវតើហេតុអីញមខុសអីមែនឫដូចចោលួចអីវ៉ាន់? “។ សារនេះបានបង្កើតឲ្យមានការចែករំលែកច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក និងបង្កើតឲ្យមានការវែកញែកខ្លាំងជុំវិញករណីនេះ។ អ្នកខ្លះបានបង្ហាញអារម្មណ៍ហួសចិត្តនឹងសកម្មភាពរបស់ខាងលើ ដែលមិនគួរធ្វើឡើងដោយមិនស្មើភាពចំពោះអតិថិជនឡើយ អ្នកខ្លះបានរិះគន់ និងបង្ហាញឈ្មោះហាងចំៗ ដែលអ្នកខ្លះថាជាតារាសម្តែង រូបរាងមុខមាត់ស្អាតបាតប៉ុណ្ណឹងហើយនៅតែគេមិនឲ្យចូលទៀត ខណៈដែលអ្នកខ្លះក៏បានលើកឡើងពីការងារដែលត្រូវបានទទួលការណែនាំពីថ្នាក់លើដែលគាត់ជាសន្តិសុខមិនគួរទទួលបានការរិះគន់ឡើយ។ ឆ្លើយតបទៅកាន់ការបង្ហោះសារនោះដែរ គណនីយហ្វេសប៊ុករបស់ហាងOBQ7 ក៏បានចូលទៅបញ្ចេញយោបល់បញ្ជាក់ជុំវិញរៀងនេះដែរថា”ជូនចំពោះអតិថិជនជាទីគោរពសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គងនឹងការធ្វេសប្រហែសក្នុងថ្ងៃប្រូម៉ូសិន ដោយសារតែអតិថិជនច្រេីនលេីសលប់ក្នុងថ្ងៃប្រូម៉ូសិនធ្វេីអោយខាងប្អូនជាបុគ្គលិកOBQ7 ទទួលមិនបានដិតដល់ ហេីយមានអតិថិជនជាច្រេីនមកទិញបានស្ពាយកាបូប ធ្វេីអោយផ្នែកផ្ញើកាបូបទុកខាងក្នុងមានការកកស្ទះពេញ ទេីបខាងប្អូនសំរេចថាសូមអតិថិជនដែលមកបន្តខាងក្រៅមានកាបូបធំៗ អនុគ្រោះអធ្យាស្រ័យ ទុកនៅក្រៅមិនអាចយកចូលបានទេ. ហេតុនេះសូមបងអធ្យាស្រ័យផងមិនមែនខាងប្អូនមិនគោរពបងជាអតិថិជននោះទេ ដោយសារខាងប្អូនផ្នែកខាងក្នុងអតិថិជនច្រេីនខ្លាំងរាប់មិនអស់ ហេីយខាងបុគ្គលិកមានគ្នាតិច ទេីបមិនអាចទទួលបងបានដិតដល់នឹងកកស្ទះខ្លាំងកន្លែងផ្ញើអុីវ៉ាន់ បន្ទប់លរ នឹងកន្លែងគិតលុយ ដូចបងបានឃេីញជាក់ស្តែងថ្ងៃទី1នៃការប្រូម៉ូសិនហេីយ. សូមអរគុណពីខ្ញុំ OBQ7៕
អត្ថបទ៖ វីរសិទ្ធិ