Sunday, November 3, 2024
Homeអន្តរជាតិបាតុកម្មស្លាប់មនុស្សកើន២២នាក់នៅបេរ៉ូ, កងកម្លាំងប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ

បាតុកម្មស្លាប់មនុស្សកើន២២នាក់នៅបេរ៉ូ, កងកម្លាំងប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ

- Advertisement -
toppostmedia

មនុស្សស្លាប់ដោយសារតែបាតុកម្ម​ក្នុងប្រទេសបេរ៉ូ​បានកើនឡើង​ដល់២២នាក់ហើយ ។ បាតុកម្ម​ដោយសារតែប្រធានាធិបតីបណ្តោះអាសន្ន​ដែលទើបតែងតាំងថ្មី លោកស្រី Dina Boluarte ច្រានចោលការអំពាវនាវឲ្យចុះចេញពីតំណែង ។

មន្ត្រីបានថ្លែងថា បាតុករ២នាក់បានស្លាប់ក្រោយប៉ះទង្គិចជាមួយប៉ូលិសនៅកណ្តាលទីក្រុង បេរ៉ូ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាំឲ្យចំនួនជនបាត់បង់ជីវិតកើនឡើង​២២នាក់ ស្របពេលដែលបាតុកម្មបានផ្ទុះឡើងនៅពាស់ពេញទីក្រុងតែម្តង ។

លោកស្រី Boluarte បានច្រានចោលការលាលែងពីតំណែង ដោយលោកស្រីលើកឡើងថា ការណ៍នេះមិនអាចបញ្ឈប់អំពើហិង្សាបានទេ ។ លោកស្រីបន្តថា នឹងធ្វើដំណើរទៅកាន់ទីតាំងបាតុករធ្វើបាតុកម្មខ្លាំងក្លានោះដើម្បីថ្លែងផ្ទាល់មាត់ជាមួយក្រុមបាតុករ ។

អំពើហិង្សាបាននាំឲ្យរដ្ឋមន្ត្រី២រូបរបស់លោកស្រី Boluarte លាលែងពីតំណែង ។ រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រី​វប្បធម៌​បានប្រកាសលាលែងតាមប្រព័ន្ធ ធ្វីថើ ។

ចាប់តាំងពីដើមខែធ្នូ បាតុកម្មបានផ្ទុះឡើង ក្រោយពីការបណ្តេញអតីតប្រធានាធិបតី Pedro Castillo ចេញពីតួនាទី ។

តុលាការកំពូលប្រទេសបេរ៉ូបានបញ្ជាឲ្យឃុំឃាំងលោក Castillo នៅក្នុងគេហដ្ឋានរយៈពេល១៨ខែ ។

អតីតកាលធ្លាប់ជាគ្រូបង្រោន​អាយុ៥៣ឆ្នាំ​​ត្រូវបានគេចោទប្រកាន់ និងចាប់ខ្លួន​ប៉ុន្មានម៉ោងបន្ទាប់ពី​លោកបានព្យាយាម​រំលាយ​សភាបេរ៉ូ ។ ការចាប់ខ្លួននេះបាននាំឲ្យបាតុកម្ម​ឈានដល់ការបាត់បង់អាយុជីវិតមនុស្សកើតឡើង ។ មកទល់ពេលនេះ មនុស្សច្រើនសិបនាក់ទៀតបានរងរបួស ក្រៅពីស្លាប់២២នាក់ ។

ព្រលានយន្តហោះភាគខាងត្បូងបេរ៉ូ បានបិទទ្វារក្រោយភ្នាក់ងារអាកាសចរ CORPAC ប្រទេសនេះបានប្រកាសថា អាកាសយានដ្ឋាន​បានប្រឈមទៅនឹងការលួចប្លន់ និងអគ្គិភ័យ​កាលពីព្រលប់ថ្ងៃទី១៦ ខែធ្នូមកនោះ ។

លោក Pedro Castillo បានប្រកាន់ជំហររឹងមាំថា គាត់មិនបាន ប្រព្រឹត្តអំពើឧក្រិដ្ឋ ក្បត់ ឬក៏ជាឧទ្ទាមអ្វីនោះឡើយ ។ គាត់បានឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២១ ។ លោកស្រី Boluarte បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នភ្លាមៗ​ក្រោយលោក Castillo ត្រូវបានតុលាការចោទប្រកាន់ ។

ក្រុមបាតុករបានទាមទារសភាឲ្យបិទទ្វាររដ្ឋាភិបាល​បេរ៉ូសិន ហើយឆ្ពោះទៅកាន់ការបោះឆ្នោតសកល​នៅឆ្នាំក្រោយ ។

ការបោះឆ្នោតមួយរបស់អង្គនីតិបញ្ញត្តិបេរ៉ូកាលពីថ្ងៃទី១៧ ខែធ្នូ ដើម្បីអនុម័តឲ្យការរៀបចំបោះឆ្នោតថ្នាក់ជាតិប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣នោះ មិនទទួលបានសំឡេងគាំទ្រពីរភាគបីនោះឡើយ ។ ដូច្នេះ ការបោះឆ្នោតសកល​គឺនៅតែប្រព្រឹត្តទៅរហូតដល់ឆ្នាំ២០២៦ដដែល ពេលដែលអណត្តិ៥ឆ្នាំរបស់ Castillo ត្រូវបានបញ្ចប់ ។

ប៉ូលិស ព្រមទាំងកម្លាំងប្រដាប់អាវុធ​​បានថ្លែងការណ៍រួមគ្នាប្តេជ្ញាគោរព​រដ្ឋធម្មនុញ្ញ ដោយហៅការប៉ុនប៉ងរំលាយសភារបស់លោក Castillo គឺជាការចង់ធ្វើរដ្ឋប្រហារ ៕ ប្រែសម្រួល៖ ថាច់ យ៉ាត

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular