ខេត្តបន្ទាយមានជ័យ៖ អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
យ៉ាងតិចមនុស្សចំនួន១៩នាក់បានស្លាប់ ខណៈមន្ត្រីថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនិងសណ្ឋាគារ Grand Diamond City នៅក្រុងប៉ោយប៉ែត ។
អ្នកស្លាប់ និងអ្នករបួសទាំងនោះជាពលរដ្ឋចម្រុះជាតិសាសន៍ ដែលជាអ្នកបម្រើការនៅកាស៊ីណូជាប់ព្រំដែនប្រទេសថៃ និងជាភ្ញៀវដស្នាក់នៅទីនោះ។ កាស៊ីណូនិងសណ្ឋាគារ Grand Diamond City មានម្ចាស់គ្រប់គ្រងជាជនជាតិថៃ ។ ហេតុការណ៍នៃអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ និង ៣០ នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយមន្ត្រីបញ្ជាក់ថា កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។
អ្នកស្លាប់ និងរបួស ជាច្រើននាក់នៅក្នុងមន្ទីពេទ្យ ហើយអាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ មុនដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ។
គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៩ ធ្នូ យ៉ាងហោចណាស់មានមនុស្សជិត២០ស្លាប់ និងរបួសជាង៥០នាក់ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកអារញ្ញ (Aranyaprathet) ខេត្តស្រះកែវ (Sra Kaeo)។ ចៅសង្កាត់អូរជ្រៅ លោក វ៉ា ជីមណារ៉េត ប្រាប់វិទ្យុផ្សាយថា ភ្លើងឆេះនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយរហូតមកដល់ពេលម៉ោង ១រសៀលថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់នៅឡើយ។ លោកបន្តថា អាជ្ញាធរកំពុងរុករកអ្នកបាត់ខ្លួន និងអ្នកជាប់គាំនៅលើអគារកាស៊ីណូមិនទាន់ឈប់នៅឡើយ។
នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទាំងកម្លាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានសម្រេចផ្អាកសកម្មភាពរុករកសាកសពជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូជាបណ្ដោះអាសន្នសិន ដោយបារម្ភខ្លាចអគារបាក់រលំ និងម្យ៉ាងស្ថានភាពងងឹតក្នុងពិបាកក្នុងស្រាវជ្រាវរកអ្នករងគ្រោះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់ប្រភពព័ត៌មានថា កម្លាំងរុករកទាំងកម្ពុជា និងថៃ បានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នសិន ដោយស្ថានភាពយប់ងងឹត និងបារម្ភពីសុវត្ថិភាពខ្លាចក្រែងអគារបាក់រលំជាយថាហេតុ បន្ទាប់ត្រូវបានអគ្គិភ័យវាយប្រហារប៉ុន្មានម៉ោងយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត កងកម្លាំងប្រតិបត្តិការហាក់អស់កម្លាំងផងដែរ ។ បើតាមលោកអភិបាលខេត្ត ប្រតិបត្តិការបន្ដ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បន្ដទៀត។
គួរជម្រាបថា របាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។
សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ៕