ភ្នំពេញ៖ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់»ដែលបង្ហាញប្រវត្តិជីវិតពិត ដ៏សោកសៅ និងខ្លោចផ្សារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធចាក់បញ្ចាំងនៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣នេះ។កម្មវិធីនេះត្រូវបានធ្វើឡើងនៅសាលចតុមុខដូចខាងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនួញ សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ក្នុងឱកាសដែលគ្រប់គ្នាទន្ទឹងរងចាំនេះដែរ គ្រប់គ្នាបានទស្សនាជាមួយនឹងការសម្រក់ទឹកភ្នែកដោយក្តីរំជួលចិត្តអាណិត នូវជីវិតដ៏ខ្លោចផ្សារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពលរដ្ឋខ្មែរនារបបដ៏ខ្មៅងងឹក។
ប្រធានសមាគមនសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បាអួលដើមករគ្រាដែលបានបង្ហាញពីចំណាប់អារម្មណ៍ និងកោតសរសើរពីវីរភាព និងការលះបង់យ៉ាងធំធេងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកចាត់ទុកថាជាការលះបង់មួយយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។ លោកថាភាពយន្តនេះផលិតឡើងក្រោមការដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង ផលិតរយៈពេល៩ខែ និងចំណាយថវិការដែលបានមកពីសប្បុរសជនចំនួន១៣ម៉ឺនដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានថ្លែងការកោតសរសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ផលិតករ សិល្បករ ដែលបានផលិតភាពយន្តចម្រៀងប្រកបដោយគុណភាព និងទុកជាប្រវត្តិមួយសម្រាប់ចែករំលែកដល់មហាជន។ លោកជំទាវរំពឹងថាស្នាដៃនេះនឹងក្លាយជាស្នាដៃដ៏មានប្រជាប្រិយ និងត្រូវបានចងចាំទុក្ខក្នុងក្រអៅបេះដូងទស្សនិកជនគ្រប់ៗរូប ៕