ភ្នំពេញ៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ប៉ាតង់ ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ ដល់អ្នកសារព័ត៌មាន កាសែត ដែលចុះបញ្ជីដោយជោគជ័យ ហើយជាប់ពន្ធតូច និងកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា ។
លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដល់អ្នក សារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូច ដែលកំពុង ប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកថ្លែងថា ខ្ញុំសូមជម្រាបលោកប្រធាននាយកដ្ឋាន និងលោក-លោកស្រី ប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ជ្រាបថា ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក- រដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន ខ្ញុំសូមធ្វើការណែនាំឱ្យអនុវត្ត ក្នុងការយកពន្ធប៉ាតង់ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលបានធ្វើសកម្មភាពអាជីវកម្មសារ- ព័ត៌មានដោយផ្សព្វផ្សាយតាមកាសែត ឬអនឡាញដែលជាអ្នកជាប់ពន្ធតូចដូចខាងក្រោម៖
១- ត្រូវចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់) រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដល់ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើការប្រកាសពន្ធប៉ាតង់តាមប្រព័ន្ធអនឡាញប្រចាំឆ្នាំ តែពុំតម្រូវឱ្យបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
២- ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចដូចជា៖
– ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
– កត់ត្រា និងកាន់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ
-ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
– បំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត ៕ ដោយ៖ លីហៃ