ខេត្តកំពង់ស្ពឺ ៖ រយៈពេលជាង១ឆ្នាំហើយដែលសាច់ញាតិជនរងគ្រោះរង់ចាំពន្លឺយុត្តិធម៌ពីស្ថាប័នតុលាការក៏ដូចជាអយ្យការត្បិតសាច់ញាតិបានស្លាប់ទៅយូរដែរហើយរីឯជនបង្កនៅមានសេរីភាពដើរផឹកស៊ីក្នុងភូមិយ៉ាងរំភើយ។
បើយោងតាមប្រភពពីមន្ត្រីនគរបាលស្រុកគងពិសីបានបង្ហើបប្រាប់ថាករណីហិង្សាបណ្ដាលអោយភាគីម្ខាងស្លាប់ដែលកើតឡើងនៅភូមិអណ្តូងច្រុះឃុំស្នំក្រពើកាលពីអំឡុងជាងមួយឆ្នាំមុនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតាមឋានានុក្រមអស់ហើយ។ក្រោយមកឮថាដល់អយ្យការនិងចៅក្រមស៊ើបសួរតែជនបង្កហាក់បីដូចជាមិនញញើតនឹងច្បាប់បន្តិចណាឡើយគឺគេចវេះរហូតហើយបាននឹងកំពុងដើរផឹកស៊ីឡូឡាពេញតែភូមិទៀតផង។
ប្រភពបន្តថាការដែលជនដៃដល់នៅមានសេរីភាពបែបនេះធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅជិតនោះមានការខ្លាចរអារជាខ្លាំងអំពីសុវត្ថិភាពខ្លួនក៏ដូចជាកូនចៅរបស់ពួកគាត់។អ្វីដែលសមត្ថកិច្ចដឹងនៅពេលនេះគឺតំណាងអយ្យការបានចោទប្រកាន់រួចហើយនិងបានបញ្ជូនរឿងទៅចៅក្រមទើបសួរដើម្បីបន្តនីតិវិធី។ នៅដំណាក់កាលស៊ើបសួរបើទោះជាមានដីការកោះឲ្យចូលខ្លួនទៅបំភ្លឺនៅស្ថាប័នតុលាការក្តីគឺគ្រប់ដំណាក់កាលទាំងអស់ពេលដែលជនសង្ស័យទទួលបានដីកាគឺមិនដែលចូលខ្លួនទៅឆ្លើយតាមការបរិច្ឆេទនោះទេ។ និយាយជារួមសមត្ថកិច្ចចាំតែអនុវត្តតាមបញ្ជានោះទេឲ្យតែមានដីកាបង្គាប់ឲ្យចាប់ខ្លួនក្នុងដៃសមត្ថកិច្ច។តែបើតាមដឹងករណីនេះចៅក្រមស៊ើបសួរបានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនសង្ស័យយកមកឃុំខ្លួនដើម្បីបន្តនីតិវិធីរួចហើយ។តែគេមិនដឹងថាតើដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយចៅក្រមស៊ើបសួរនោះនៅទើរត្រឹមណាឡើយបន្ទាប់ពីគេដឹងថាដីកានេះបានទៅដល់ការិយាល័យកិច្ចការអយ្យការរួចមក។
បើយោងតាមប្រភពពីមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានបង្ហើបប្រាប់ផងដែរថាដីកាបង្គាប់អោយចាប់ខ្លួនរបស់ជនសង្ស័យត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣មកម៉្លេះ។បើគិតមកដល់ពេលនេះការចុះហត្ថលេខាបានជិត១ខែហើយ។មន្ត្រីដដែលបានប្រាប់ផងដែរថាអំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។កាលបើអំពើនោះបណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។
ដោយឡែកប្រភពក្រៅផ្លូវការមួយទៀតក៏បានបង្ហើបប្រាប់ផងដែរថាភាគីជនសង្ស័យបានពឹងពាក់មន្ត្រីមួយរូបឲ្យជួយរត់ការបញ្ឈប់ដីកាបង្គាប់អោយចាប់ខ្លួននោះដោយហ៊ានចំណាយលុយយ៉ាងច្រើនសន្ឋឹកទៀតផង។ការពិតយ៉ាងណានោះនៅមិនទាន់ដឹងថាតើដីកាដែលលោកចៅក្រមបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនោះពេលនេះនៅទីកន្លែងណាឡើយឬមួយក៏ដូចការលើកឡើងខាងលើមែន?។ពាក់ព័ន្ធនឹងការងារនេះដែរអ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់ពីលោកផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងនិងជាប្រធានលេខាធិការដ្ឋានសុំការបកស្រាយដែរតែទូរស័ព្ទទាក់ទងពុំបាន។
សូមរំលឹកថាកាលពីថ្ងៃទី១៩.០១.២០២២ វេលាម៉ោង ១៩:៣៨នាទី មានករណីហិង្សាដោយចេតនា បណ្តាលឱ្យស្លាប់ នៅចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី បង្ករឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំខាងលើ បានចាក់ចំនួន ២កាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕