មនុស្ស៧នាក់បានស្លាប់នៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកក្រុមមនុស្សកំពុងស្ថិតនៅចំណតរថយន្តក្រុងមួយកន្លែង នៅជិតទីស្នាក់អាស្រ័យនៅរបស់ក្រុមជនអនាថានិងជនចំណាកស្រុក ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Brownsville ជិតព្រំដែនម៉ិកស៊ិក វេលាម៉ោងប្រហែល 08:30នាទី ម៉ោងក្នុងស្រុក (14:30 GMT) ។
យ៉ាងហោចណាស់មនុស្ស៦នាក់ផ្សេងទៀតបានរងរបួស ហើយខ្លះរងរបួសធ្ងន់។
អ្នកបើកបររថយន្តបង្កត្រូវបានចាប់ខ្លួន និងចោទប្រកាន់ទោសផងដែរ ។ នេះបើតាមប៉ូលីសទីក្រុង Brownsville ។ ប៉ូលិសថា គេនៅមិនទាន់ច្បាស់ទេថា តើឧបទ្ទវហេតុនេះគឺមានចេតនាអ្វីឲ្យប្រាកដ ។
សារព័ត៌មានអាមេរិកមុននេះបានដកស្រង់សម្ដីប៉ូលិសចុះផ្សាយថា ហេតុការណ៍ខាងលើទំនងជាការវាយប្រហារដោយចេតនា ។
មន្ត្រីជំនាញបានលើកឡើងថា វីដេអូឃ្លាំមើលបានបង្ហាញពីរថយន្តបង្កបើកឆ្លងកាត់ភ្លើងស្តុបក្រហម ហើយចូលទៅជិតចំណតឡានក្រុងក្នុងល្បឿនយ៉ាងលឿន ។
ពេលនោះរថយន្តបានបើកទៅបុកផ្លូវបំបែក ហើយបានហោះប្រហែល ៦០ម៉ែត្រ បុកអ្នកដែលកំពុងធ្វើដំណើរតែម្តង ។
Maldonado ជាអ្នកជំនាញបាននិយាយថា ប្រហែលកន្លះម៉ោងមុនពេលកើតហេតុ មនុស្សមួយក្រុមមានគ្នាប្រហែល 20 នាក់ ដែលប្រមូលផ្តុំគ្នានោះបានចាកចេញ ហើយដើរទៅរង់ចាំរថយន្តនៅចំណតរថយន្តក្រុង។ លោកថា ជនរងគ្រោះភាគច្រើនជាបុរសជនជាតិវេណេស៊ុយអេឡា ។
ក្រោយពេលកើតហេតុ ប៉ូលិសបានចាប់ខ្លួនអ្នកបើកបរបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និងធ្វើតេស្តរកសារធាតុញៀន ។ គេរាយការណ៍ថា ជនបង្កមិនបានសហការជាមួយប៉ូលិសនោះឡើយ ។
យោងតាមមន្ត្រីការពារព្រំដែនអាមេរិក ទីក្រុង Brownsville បញ្ជាក់ថា នាពេលថ្មីៗនេះ មានការកើនឡើងយ៉ាងខ្លាំងនូវការមកដល់នៃជនអន្តោប្រវេសន៍ខុសច្បាប់។
លោកថា ក្នុងរយៈពេលពីរខែកន្លងមកនេះ មជ្ឈមណ្ឌល Ozanam ដែលជាកន្លែងស្នាក់នៅបណ្តោះអាសន្នអាចផ្ទុកមនុស្សបាន 250 នាក់ នោះបាននិងកំពុងផ្ទុកមនុស្សរហូតដល់ 380 នាក់ក្នុងមួយថ្ងៃ។
មន្ត្រីនៅទីក្រុង Brownsville បានចេញសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយបែបនេះកាលពីខែមុន ដូចទៅនឹងទីក្រុងជាប់ព្រំដែនរដ្ឋតិចសាស់អីចឹងដែរ ដែលបានជួបប្រទះនូវលំហូរជនចំណាកស្រុកដូចនេះរួចហើយ ។
នោះគឺនៅមុនការមកដល់របស់ជនចំណាកស្រុកដែលរំពឹងទុក ដោយសារតែការផុតកំណត់នៅពេលខាងមុខនេះ អំពីគោលនយោបាយសម័យកាល Covid-19 ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបណ្តេញជនចំណាកស្រុកដោយគ្មានឯកសារដោយស្វ័យប្រវត្តិនោះ ៕