ភ្នំពេញ៖ ជាមោទភាពសម្រាប់ប្រាក់រៀលកម្ពុជាដែលអាចធ្វើការចរាចរណ៍ទូទាត់នៅបរទេសបានតាមរយៈអ្នកប្រើប្រាស់ការស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QRខណៈដែលការទូទាត់ឆ្លងដែនរវាងកម្ពុជា និងថៃអាចកើនឡើងដល់ ៥២លានរៀលក្នុងមួយថ្ងៃ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារជាតិថៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែន រវាងកម្ពុជា និងថៃ ដែលអនុញ្ញាតឲ្យជនជាតិថៃដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QR បានដូចគ្នានឹងជនជាតិខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសថៃដែរ ។ គិតមកទល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល នៅកម្ពុជា ស្កេនទូទាត់នៅក្នុងប្រទេសថៃបានរហូតដល់ ៥២លានរៀល នៅក្នុងមួយថ្ងៃៗ រីឯចំនួនប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចាប់តាំងពីធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មក ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់ ។ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២លានរៀលក្នុងមួយថ្ងៃ ។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់មានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់សរុបប្រមាណ ២៧លានបាត ។
លោកបណ្ឌិតបានជម្រាបបន្ថែមទៀតថា ឥទ្បូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជននៃធនាគារពីប្រទេសថៃមកស្កេននៅលើ KHQR របស់ពាណិជ្ជករធនាគារនីមួយៗនៅកម្ពុជា ដែលជាសមាជិកBakong បានហើយ ដែលបច្ចុប្បន្នសមាជិករបស់ Bakong មានចំនួនសរុប ៤៨ធនាគារ/ស្ថាប័ន។
លោកបានធ្វើការបញ្ជាក់បន្ថែមទៀតថា ដើម្បីអាចស្កេនទូទាត់ឆ្លងដែនពីកម្ពុជា នៅប្រទេសថៃបាន អតិថិជនត្រូវមានគណនីជាប្រាក់រៀល ហើយពាណិជ្ជករថៃ (Merchant) ត្រូវមានស្លាកសញ្ញា ThaiQR Promptpay របស់ធនាគារចំនួនប្រាំនៅប្រទេសថៃមានដូចជា៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya និង Siam Commercial Bank។
លោកបានបញ្ជាក់បន្តទៀតថា នៅប្រទេសកម្ពុជា មានធនាគារទំនាក់ទំនង(Sponsoring Banks)ចំនួនបី មានដូចជា៖ ACLEDA Bank Plc, Cambodia Commercial Bank (CCB) និង Foreign Trade Bank (FTB) សម្រាប់គាំទ្រអតិថិជនធ្វើប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សូមបញ្ជាក់ថា ចំពោះកម្រៃសេវាសម្រាប់ប្រតិបត្តិការស្កេនទូទាត់ ឆ្លងដែន រវាងខែ្មរ ស្កេន ថៃ និងថៃ ស្កេន ខ្មែរ គឺមិនគិតថ្លៃសេវាអ្វីនោះឡើយ៕