យុទ្ធការបង្ក្រាបទីតាំងល្បែងស៊ីសង នៅក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបង្ក្រាបបានខុសច្បាប់ជិត៣០កន្លែង និងឃាត់ខ្លួនមនុស្សជាង ៦០នាក់។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ ការបង្ក្រាបនេះ បានធ្វេីឡេីងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា “ អនុវត្តតាមបទនញ្ជារបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលទាំង ១៤ បានចូលរួមអនុវត្តជាមួយគណៈបញ្ជាការឯកភាពខណ្ឌ គឺករណីកត់ឆ្នោតវៀតណាមខុសច្បាប់ឃាត់បាន ២៥កន្លែង និងឃាត់ខ្លួនមនុស្សចំនួន ៣៣នាក់ ក្នុងនោះនៅខណ្ឌបឹងកេងកង ឃាត់បាន ១១នាក់ , ខណ្ឌកំបូល ឃាត់បាន ៨នាក់ , ខណ្ឌទួលគោក ឃាត់បាន ៦នាក់ , ខណ្ឌឫស្សីកែវ ឃាត់បាន ៣នាក់ , ខណ្ឌជ្រោយចង្វារ ឃាត់បានចំនួន ១១នាក់ និងខណ្ឌមានជ័យ ឃាត់បាន ១នាក់ “ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ទាក់ទងករណីភ្នាល់តាមអនឡាញ ឃាត់បាន ២ទីតាំង និងឃាត់ខ្លួនមនុស្សបាន ៣នាក់ ក្នុងនោះមានស្ត្រី ១នាក់ គឺខណ្ឌច្បារអំពៅ ឃាត់បាន ២នាក់ និងខណ្ឌសែនសុខ ឃាត់បាន ១នាក់ ។ ករណីលេងបៀចិន បង្ក្រាបបាន ១ទីតាំង នៅខណ្ឌសែនសុខដោយឃាត់ខ្លួនមនុស្សបានចំនួន ១៦នាក់ ។
ប្រភពដដែលបានបញ្ជាក់ថា នឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទខុសច្បាប់បន្ថែមទៀត៕