ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យអុំទូកនេះដែរ អង្គការAHF ក៏បានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចែកអនាម័យប្រមាណ ៦ ម៉ឺនស្រោម និងមានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃ និងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។
បន្ថែមពីលើកនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ និងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ នៅសួន អ៊ឺរ៉ូ ផាក បុរី ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ដើម្បីរំលឹកទៅកាន់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងដើម្បីរំលឹក និងផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ អ្នកគាំទ្រ អ្នកដែលបន្តការប្រយុទ្ធ និងប្រជាជនដែលបានរួបរួមគ្នាទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែធ្នូ បានផ្តល់ឱកាសឱ្យអ្នកតស៊ូមតិមេរោគអេដស៍/ជំងឺអេដស៍ នូវឱកាសមួយដើម្បីនាំយកការយល់ដឹង និងមានការឆ្លើយតបជាសកល ក្នុងការប្រយុទ្ធ ទៅនឹងការមាក់ងាយ និងការរើសអើង ដែល អ្នករស់នៅជាមួយមេរោគអេដស៍មានឧបសគ្គ រារាំងក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល។ ជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបានមានធនធាន និងឆន្ទៈនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។
គួរបញ្ជាក់ថា ខណៈដែលពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកល កំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ រួមទាំងការផ្តល់មូលនិធិមិនគ្រប់គ្រាន់ អត្រាខ្ពស់គ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន១.៣លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ នាក់ជារៀងរាល់ឆ្នាំ ហើយការឆ្លើយតបមិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់នោះទេ ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការជំងឺអេដស៍ពិភពលោកដ៏ធំបំផុត បច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬ សេវាកម្មដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕