ភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានរំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ។ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៧ព្រឹកដល់ម៉ោង១០ព្រឹកនៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹកផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។
ខណៈពេលដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន១.៣លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងប្រារព្ធព្រឹត្តិការណ៏អបអរសាទររួមទាំងបើកយុទ្ធនាការរត់ប្រណាំងសប្បាយៗនៅថ្ងៃទី២ ខែធ្នូនៅរាជធានីភ្នំពេញ។ អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន៦០០នាក់បានជួបជុំគ្នានៅព្រឹកថ្ងៃទី២ខែធ្នូនេះនៅសួនកំសាន្តយូរ៉ូផាក(PH Euro Park) បុរីប៉េងហួត បឹងស្នោដើម្បីចូលរួម អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍និងការរត់ប្រណាំង និងបញ្ចប់ការប្រកួតប្រកាសលទ្ធផល និងជូនរង្វាន់ជាដើម។
កម្មវិធីក៏មានការអបអរសាទរយុទ្ធនាការរីករាយជាមួយការត់ប្រណាំង និងក្បួនដង្ហែ ដោយមានប៉េងប៉ោង ផ្ទាំងរូបភាព និងបដា ក្រោមវត្តមានឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA)។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសបានមានប្រសាសន៍ថា « ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ! យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍»។
ទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែធ្នូ បានផ្តល់ឳកាសឱ្យអ្នកតស៊ូមតិក្នុងការឆ្លើយតបនូវមេរោគអេដស៍/ជំងឺអេដស៍ នាំយកការយល់ដឹង ការឆ្លើយតបជាសកលក្នុងការប្រយុទ្ធនឹងការមាក់ងាយ និងការរើសអើង ដែលជាឧបសគ្គរារាំង ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល។ ជាមួយគ្នានេះផងដែរការជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបាន នូវធនធានថវិកា ឆន្ទៈនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ ពិភពលោកទាំងមូលត្រូវតែចងចាំថា អេដស៍មិនទាន់ ដល់ទីបញ្ចប់ទេ៕