ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាននានាជុំវិញគណនីយហ្វេសប៊ុកមួយចំនួនបានធ្វើការបង្ហោះសារអមដោយរូបភាព និងខ្លឹមសារអំពីករណីហាងលក់ពេជ្រ ព្រីនស៍ដាយមិនដែលបានបិទទ្វា និងលើកឡើងថាហាងមួយនេះបានធ្វើការលក់ពេជ្រក្លែងក្លាយទៅឲ្យអតិថិជន។ ការលើកឡើងនេះក៏កាន់តែរីកធំ រហូតមានការបង្ហោះសារ និងរូបថតចោទប្រកាន់ទៅកាន់នារីម្នាក់ឈ្មោះ សេងវណ្ណនីកាថាជាម្ចាស់ហាង និងជាជនបោកប្រាស់ រហូតបណ្តាញសារព័ត៌មានក្នុងស្រុក និងបណ្តាញគណនីយហ្វេសប៊ុកនានាជាច្រើនបានចែករំលែកបង្កើតឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
បកស្រាយតបប្រឆាំងទៅនឹងការលើកឡើងទាំងនោះអ្នកនាង សេងវណ្ណនីកា បានចេញមុខបដិសេធ និងធ្វើការច្រានចោលដំណឹងដែលកំពុងតែល្បីល្បាញលើបណ្តាញសង្គមមួយនេះ។ ការបញ្ជាក់នេះបានធ្វើឡើងតាមរយៈលិខិតជូនដំណឹងមួយច្បាប់របស់ការិយាល័យមេធាវីពុធ ឌីម៉ង់ចុះថ្ងៃទី០៥ខែធ្នូឆ្នាំ ២០២២នេះដោយលោកមេធាវីពុធ ឌីម៉ង់ បានជូនដំណឹងឆ្លើយតបទៅនឹងបណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើកូនក្តីឈ្មោះ សេង វណ្ណនីកា ថាជាម្ចាស់ហាងពេជ្រ ព្រីនស៍ដាយមិន និងសូមបដិសេធទាំងស្រុងនូវព័ត៌មានចោទប្រកាន់ពុំពិតប្រាកដទាំងអស់នោះ ដោយមួយរយៈជាងមួយសប្តាហ៍នេះមានព័ត៌មានផ្ទុះឡើងពាក់ព័ន្ធនឹងហាងពេជ្រព្រីនស៍ដាយមិន និងមានសាធារណជនជាច្រើនបានធ្វើការចែករំលែកតៗគ្នា ដែលក្នុងខ្លឹមសារដែលបុគ្គលមួយចំនួនតូចនោះផ្សព្វផ្សាយគឺបានលើកឡើងនូវបញ្ហារបស់ហាងពេជ្រព្រីនស៍ដាយមិនជាមួយអតិថិជន ដោយបានយករូបថតកូនក្តីលោកគឺអ្នកនាង សេង វណ្ណនីកា ទៅចុះផ្សាយភ្ជាប់ជាមួយនឹងបញ្ហានេះ។
ដោយមានការប្រគល់សិទ្ធិពីកូនក្តីលោកសូមធ្វើលិខិតជូនដំណឹងឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះដើម្បីបញ្ឈប់ការភ័ន្តច្រឡំ ដោយទី១ ហាងពេជ្រព្រីនស៍ដាយមិនគឺមិនមែនជាហាងរបស់អ្នកនាង សេង វណ្ណនីកានោះទេ។ ទី២រាល់ការលក់ចេញទិញចូលត្រឡប់មកវិញ ឬគុណភាពពេជ្រគឺពុំមានពាក់ព័ន្ធនឹងកូនក្តីខ្ញុំបាទទេ។ ទី៣សូមសាធារណជនជ្រាបនិងមេត្តាឈប់ចែករំលែកនូវព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរកូនក្តីលោកយ៉ាងធ្ងន់ធ្ងរ។ ករណីបុគ្គលណាម្នាក់នៅតែបន្តយករូបថតរបស់ឈ្មោះសេង វណ្ណនីកា និងគ្រួសារទៅផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្សេងៗក្នុងគោលបំណងបង្ខូចនូវកិត្តិយសសេចក្តីថ្លៃថ្នូកូនក្តីលោក នោះកូនក្តីលោកនឹងចាត់វិធានការណ៍ចំពោះបុគ្គលដែលបានប្រព្រឹត្តិនោះតាមនិតិវិធីច្បាប់៕