ភ្នំពេញ÷នៅលើបណ្ដាញទំនាក់ទំនងសង្គមសព្វថ្ងៃតើ
នរណាមិនរិះគន់មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ? ទាំងនោះក៏ព្រោះតែការ អនុវត្តច្បាប់របស់ក្រុមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះភាគច្រើនលើសលប់បង្កឲ្យប្រជាពលរដ្ឋក្តៅក្រហាយជាពិសេសគឺពួកគេតែងតែយកច្បាប់មកអនុវត្តដើម្បីលាបសក្ការៈផ្ទាល់របស់ពួកខ្លួន។
នៅលើមហាវិថីសហព័ន្ធរុស្ស៊ីខាងលិចផ្សារស៊ិនជារីផ្លាហ្សាស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រុមមន្ត្រីនគរបាលចរាចរណ៍យ៉ាងហោចណាស់៥នាក់បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ក្នុងន័យបម្រើផល ប្រយោជន៍សាធារណៈ។ប៉ុន្តែពួកគេស្វែងរកលាបសក្ការៈ ផ្ទាល់ខ្លួនទៅវិញ ។ ប្រជាពលរដ្ឋគាំទ្រការអនុវត្តច្បាប់ពេញលេញប៉ុន្តែមិនមែនធ្វើការងាររបៀបត្រីងៀតឆ្លៀតពងនោះទេ។
នៅទីនេះពេលដែលមានប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តឬម៉ូតូល្មើសច្បាប់ គឺមន្ត្រីនគរបាលចរាចរណ៍ដ៏
ឧត្តុងឧត្តមនៃយើង២នាក់ចេញមកពាក់កណ្ដាលផ្លូវស្ទាក់ឃាត់ចាប់ម៉ូតូឬរថយន្ត ដោយខ្លាចអ្នកល្មើសច្បាប់ទាំងនោះបើកបររត់ឬគេចពីការទទួលខុសត្រូវ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅមើលឃើញទង្វើមន្ត្រីនគរ បាលចរាចរណ៍ទាំងនេះអនុវត្តច្បាប់មកលើប្រជាពលរដ្ឋហាក់ដូចជា”អ្នកទោស”ទៅវិញ។ និយាយម្យ៉ាងទៀត មន្ត្រីអ្នកអនុវត្តច្បាប់ទាំងនេះរត់ប្រសាចមកឃាត់ជន ល្មើសច្បាប់ចរាចរណ៍ប្រៀបដូចជាឧក្រិដ្ឋជនឬដូចកូនក្មេងប្រដេញតាមរើសលុយសែនខ្មោចដែលគេបាចតាមផ្លូវ។
ពួកគេគ្រៀកឆ្វេងគ្រៀកស្តាំប្រៀបដូចជាអ្នកទោសបទ លហុទាំងនេះ ជាឧក្រិដ្ឋជន។ វាជារឿងពិបាកភ្នែកសម្រាប់មហាជននិងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់។ បន្ទាប់មកពួកគេបញ្ជាឲ្យអ្នកល្មើសច្បាប់ទៅជួបមេម្នាក់ដែលអង្គុយមុខតុមួយ។ ក្នុង១ពេលៗមានអ្នកធ្វើដំណើរល្មើសច្បាប់ច្រើនណាស់។ នៅទីនេះព្រឹកថ្ងៃទី ១៤ខែធ្នូឆ្នាំ២០២២ នៅនគរបាលចរាចរណ៍ម្នាក់ក្នុង ចំណោម៥នាក់ ដែលទំនងជាមេក្រុមហាក់ដូចជាមិន ទាន់ចេះច្បាប់ទម្លាប់ច្បាស់លាស់ ដែលបុរសម្នាក់ជាកូនចៅប្រាប់ថា ខាងនេះជាបទល្មើសសម្រាប់ម៉ូតូ,ខាងនោះសម្រាប់រថយន្ត?ដោយចង្អុលទៅលើក្រដាសដែលជាខ្លឹមសារនៃច្បាប់នៅលើតុរបស់មេ។ និយាយឱ្យខ្លីមេមិនទាន់ចេះច្បាប់ប្រាកដនៅឡើយដែរ។
បណ្តាជនដែលល្មើសច្បាប់ចរាចរណ៍នាំគ្នាឈរអែបកៀកជិតៗសហការីនៃក្រុមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះ ប្រាថ្នាហុចលុយក្រៅច្បាប់ជូនលោកនគរបាលទាំងនោះដោយមិនយកវិក្ក័យប័ត្រ។ នេះជាទម្លាប់ទូទៅ
នៃអ្នកធ្វើខុសច្បាប់។ ពីព្រោះថា ការផាកពិន័យ១០ម៉ឺនរៀលចំពោះបទល្មើសភ្លើងសញ្ញាគឺជាចំនួនទឹកប្រាក់ដ៏ច្រើន។
បន្ទាប់ពីបានផាកបុរសចំណាស់ម្នាក់រួចហើយ ប្រហែល ២នាទីក្រោយមក បណ្ដាអ្នកល្មើសដទៃទៀតដែលមានទាំងអ្នកបើកបររថយន្តផងនោះ ត្រូវបានក្រុមមន្ត្រីនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញដែលដាក់ទីតាំងនៅខាងលិចផ្សារសេនជរីផ្សារនោះ អនុញ្ញាតឲ្យធ្វើដំណើរទៅមុខដោយមិនចេញវិក័យប័ត្រផាកពិន័យនោះឡើយ ។
ទាំងនេះគឺប្រាកដណាស់ថា ជាការយកច្បាប់មកអនុវត្តដើម្បីលាបសក្ការៈ។ បណ្ដាអ្នកល្មើសច្បាប់ដែលត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅមុខដោយមិនចេញវិក័យប័ត្រគឺជាការឃុបឃិតល្មើសច្បាប់របស់អ្នកអនុវត្តច្បាប់ទាំងនោះ។ អ្នកល្មើសច្បាប់ទាំងរថយន្តនិងម៉ូតូបានចាកចេញ ហើយក្រុមបុរសអ្នកអនុវត្តច្បាប់ទាំងនោះក៏ចាកចេញទៅដែរ។
ឆ្លើយតបតាមទូរសព្ទជាមួយអ្នកកាសែត មន្ត្រីនគរបាលដែលដាក់គោលដៅនៅស្តុបស៊ិនជូរីផ្លាស្សានិយាយថាខ្លួនជាកូនចៅគេមិនដឹងអំពីមូលហេតុដែលមេក្រុមដកកម្លាំងភ្លាមៗនិងមិនផាកពិន័យអ្នកដែលល្មើសច្បាប់ហើយបានហៅរួចហើយនោះទេ។
លោកដេរ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកនៅស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាលោកបានដឹងរឿងនេះដែរ ប៉ុន្តែអ្នកដែលត្រូវផាកទាំងនោះជាប្រជាពលរដ្ឋក្រីក្រដូច្នេះលោកក៏ណែនាំមន្ត្រីនគរបាលទាំងនោះឲ្យដែលល្មើសច្បាប់ចរាចរណ៍ជាជនក្រីក្រទាំងនោះធ្វើដំណើរចុះ។ យ៉ាង ណាក៏ដោយលោកអះអាងថានឹងសួរនាំសហការីបន្ថែមទៀតក្នុងរឿងនេះ។
សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកាលព្រឹកថ្ងៃទី ១៤ខែធ្នូ ហើយបានឃើញទិដ្ឋភាពនៃការចុះអនុវត្តច្បាប់របស់ក្រុមមន្ត្រីចរាចរណ៍ទាំងនោះគឺមិនមានឃើញប្រជាពលរដ្ឋក្រីក្រណានោះទេ។ ផ្ទុយទៅវិញគឺមានតែអ្នកល្មើសច្បាប់ជិះ រថយន្ត ford និងប្រជាពលរដ្ឋធ្វើដំណើរដោយម៉ូតូជាធម្មតាតែប៉ុណ្ណោះ៕