ខេត្តកំពង់ស្ពឺ៖ អភិបាលកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថា ទឹកដី នៃខេត្តកំពង់ស្ពឺមានភាពអំណោយផលដល់ក្រុមហ៊ុនដាក់ទុនរកស៊ី ហើយបច្ចុប្បន្នអ្នកវិនិយោគជាច្រើនគឺបាន និងកំពុងរកស៊ីកាក់កបនៅក្នុងខេត្តនេះ ។ តែទន្ទឹមនឹងការចំនេញកាក់កបនេះ ក្រុមហ៊ុនគប្បីចូលរួមជួយអភិវឌ្ឍន៍តំបន់មូលដ្ឋាននោះផង ។ ថ្លែងដូច្នេះធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែប្រវែង២១០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤១ក្នុងភូមិត្រពាំងស្យា នៃស្រុកបសេដ្ឋទៅភូមិបេង នៃស្រុកគងពិសី ដែលផ្តើមកសាងដោយក្រុមហ៊ុនជីបម៉ុងចំណាយថិកាអស់ប្រមាណជាង៧០ម៉ឺនដុល្លា ។
លោក វ៉ី សំណាង បានលើកឡើងបន្តថា ការចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដែលខ្លួនរកស៊ី គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការកសាងសមិទ្ធិផលនានា ។ ហើយជាក់ស្តែងសមិទ្ធិផលផ្លូវបេតុងមួយខ្សែ ដែលផ្តើមស្ថាបនាដោយក្រុមហ៊ុនជីបម៉ុងគឺពិតជាបានសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ។ ហើយនេះជាការខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់នាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយើង ដែលបានចូលរួមក្នុងការកសាង អភិវឌ្ឍន៍សមិទ្ធិផលថ្មីៗនេះឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោក វ៉ី សំណាង បានបញ្ជាក់បន្ថែមផងដែរថា សមិទ្ធិផលទាំងអស់ ដែលបានកើតឡើងរួមទាំងផ្លូវមួយខ្សែនេះផង គឺពិតជាមិនអាចខ្វះបាននូវគុណ៧មករា និងផ្តើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមានការរីកចម្រើនប្រែប្រួលមុខមាត់ខេត្តទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀតផងដែរ ។
ជាមួយនោះលោកអភិបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់បងប្អូនប្រចជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រៀប្រាស់ ថែរក្សាការពារសមិទ្ធិផលនេះទុកជាគុណប្រយោជន៍ដល់សាធារណៈ ជាពិសេសសម្រាប់តភ្ជាប់ពីភូមិ-ឃុំ ហើយសម្រួលចរាចរណ៍ទៅមក ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕